ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានផ្ដាំផ្ញើដល់ជនរួមជាតិថា ការបែកបាក់ជាតិ សាសន៍ និងសាសនា គឺជាមហន្តរាយដ៏ធំមួយដែលមិនត្រូវឱ្យកើតមានឡើងនៅកម្ពុជា។
ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ អំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍ សុខដុមនីយកម្ម។
សម្ដេចតេជោ មានប្រសាសន៍ថា «យើងពិតជាមិនឱ្យទឹកដីរបស់យើងញាំញីទៅដោយជម្លោះសាសនា ការ បែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្តរាយដ៏ធំមួយ ដែលមិនត្រូវឱ្យកើតមានក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ»។
សម្ដេចតេជោបន្ដថា កម្ពុជាកាន់តែមានមោទកភាពយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ នេះមិនត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ដែលបណ្ដាលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់សាសនា៕
ដោយ៖ រិន ចំរើន