ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីទៀតថា កម្ពុជា មិនបានបញ្ជូនកងទ័ព និងគ្រូដោះមីនចូលទៅក្នុងប្រទេសអ៊ុយក្រែនឡើយ។
ការបញ្ជាក់បន្ថែមនេះ ក្រោយក្រសួងការបរទេសខ្មែរបានចេញសេចក្ដីថ្លែងការណ៍ច្រានចោលចំពោះបណ្តាញតេឡេក្រាមមួយនិយាយថា កម្ពុជាបញ្ជូនទ័ពទៅអ៊ុយក្រែន។ បណ្ដាញតេឡេក្រាមនោះមានឈ្មោះ «Demografiya upala» បានផ្សាយថា កម្ពុជាបានផ្ដល់ជំនួយ យោធាសម្រាប់អ៊ុយក្រែន ។ ក្រសួងការបរទេសខ្មែរ ចាត់ទុក ការផ្សាយនេះមិនត្រឹមតែមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែធ្វើប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយការបរទេស អព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នាថ្ងៃ២៦ មករា សម្តេចតេជោបានមានប្រសាសន៍ថា «កន្លងទៅមានអ្នកលើកឡើងថា កម្ពុជា បានផ្ដល់ជំនួយយោងធាឲ្យអ៊ុយក្រែន ។ ខ្ញុំសូម យកឱកាសនេះ ធ្វើការបបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស កម្ពុជាមិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ ។ កម្ពុជាគ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនទេ ។ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ សូមកុំភាន់ច្រឡំ» ។
សម្ដេចតេជោបន្តថា កម្ពុជា បានបញ្ជូនកងទ័ពទៅធ្វើការដោះមីន នៅក្រៅប្រទេស រួមចំណែកការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ សម្ដេចថា ឥឡូវនេះកម្ពុជាមានកងទ័ពឈរជើង នៅប្រទេសចំនួន៤ (នៅម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្ដាល) ខណៈពីមុនមានតាំងពីនៅស៊ីរី ឆាន និងសាយប្រ៉ើសជាដើម ។
សម្ដេចតេជោ ក៏បានប្រកាសស្វាគមន៍ និងទទួល បង្រៀនដោះមីន ដល់គ្រប់បណ្ដាប្រទេសទាំងអស់ រាប់ទាំងរុស្ស៊ី ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ កម្ពុជាមិនបានបញ្ជូនកងទ័ព ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏មិនបានបញ្ជូនគ្រូដោះមីនរបស់យើង ចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ ដូច្នេះអ្វីដែលយើងបានធ្វើនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ» ។
សម្ដេចតេជោបន្ថែមថា កុំឲ្យកម្ពុជាចូលពាក់ព័ន្ធ ជាមួយ សកម្មភាពយោធានៅអ៊ុយក្រែន កម្ពុជាគ្មានសមត្ថភាពធ្វើបែបនោះទេ ប៉ុន្តែកិច្ចការមនុស្សធម៌ ទាក់ទងការកម្ចាត់ចោលគ្រាប់មីន គឺកម្ពុជាមានបទពិសោធជូចត់ ស្លាប់ និងពិការច្រើននាក់ណាស់ ដូច្នេះកម្ពុជាខមិនអាចបើកភ្នែកមើល នូវសោកនាដកម្ម ដោយសារគ្រាប់មីននៅតាមបណ្ដាប្រទេសនានាទេ ៕ ដោយ៖ រិន ចំរើន