ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានសម្រេចយល់ព្រមអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា ត្រឹមអ្នកចូលរួមប្រមាណ៥០នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។
ការអនុញ្ញាតនេះ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើមកកាន់ក្រសួងមហាផ្ទៃដើម្បីដង្ហែធម្មយាត្រាឆ្លងកាត់ខេត្តមួយចំនួន ក្នុងគោលបំណងឱ្យយល់ដឹងពីសីលធម៌ ក្នុងការរស់នៅ។
យោងតាមលិខិតរបស់ក្រសួង ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវដង្ហែធម្មយាត្រា មានអ្នក ចូលរួមប្រមាណ៥០នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ។ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
ក្រសួងមហាផ្ទៃ ក៏បានស្នើលោកស្រីប្រធានត្រូវធ្វើការ សម្របសម្រួល និងសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងជួបជុំ តម្រាយផ្លូវធ្វើ ដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគោរព និងអនុវត្តវិធានសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺឆ្លងនានា។
សូមរំលឹកថា នាពេលថ្មីៗនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដោយបញ្ជាក់ន័យក្នុងលិខិតថា សមាគម នឹងរៀបចំការហែធម្មយាត្រាស្ដីពី «សីលធម៌សង្គម» ក្នុងគោលបំណង លើកកម្ពស់សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូបមិនថាអ្នកតូច ឬអ្នកមានតួនាទីត្រូវមានសីលធម៌រស់ នៅក្នុងសង្គម៕ ដោយ៖ រិន ចំរើន