ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអំឡុងខែឧសភាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឲ្យដំណើរល្អនោះ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត គឺកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ជាមួយកិច្ចការងារសំខាន់ៗពាក់ព័ន្ធ ជាពិសេស បានត្រៀមកងកម្លាំងជាង២ម៉ឺននាក់។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម បានបញ្ជាអាជ្ញាធរ ត្រូវធានាដាច់ខាតចំពោះសុវត្ថិភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងមុន និងក្រោយការ ប្រកួត ព្រោះបានដាក់កម្លាំងជាង២ម៉ឺននាក់។
លោកថា ការប្រកួតនេះ គឺជាការលើកកិត្យានុភាព របស់កម្ពុជា នៅលើឆាកអន្ដរជាតិ ដោយព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ជាមួយនយោបាយ កិត្យានុភាពប្រទេសជាតិ និងប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងដែរថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាបានទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំគឺប្រើប្រាស់កងកម្លាំងសរុបចំនួន ២៣.៧៥១នាក់។
លោកបន្ដថា ក្នុងចំណោមកងកម្លាំងចំនួន ២៣.៧៥១នាក់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានចំនួន ១៣.០០៣នាក់, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន១២០នាក់, កងរាជអាវុធហត្ថ ចំនួន ៥.០៩១នាក់, បញ្ជាការដ្ឋានអង្គរក្សចំនួន ២.៨៨៨នាក់, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន ៣៤៦នាក់, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃចំនួន ៨៩នាក់, បញ្ជាការដ្ឋានកងពលតូចអន្ដរាគមន៍លេខ៧០ ចំនួន៣០០នាក់, បញ្ជាការដ្ឋានកងទ័ពជើងទឹកចំនួន ១៩៥នាក់, បញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន ៥៥នាក់, ការិយាល័យទី២ កងទ័ពជើងគោកចំនួន ៣៥នាក់, អាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំនួន ១០០នាក់, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន៣០នាក់, ក្រសួងសុខាភិបាល ចំនួន ១.០១២នាក់, អគ្គិសនីកម្ពុជា ចំនួន៨២នាក់, សន្ដិសុខឯកជន ចំនួន៤០៥នាក់។
គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (32nd SEA GAMES) និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN PARA GAMES) ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចូលរួមការប្រកួត ៤០ប្រភេទកីឡា។
ជាមួយនឹងការត្រៀមខ្លួនទុកជាមុននេះ សម្តេចតេជោ ក៏បានចេញសារស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងដែរចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។
១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលត្រីវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតដើម្បីឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕ ដោយ៖ រិន ចំរើន