បទវិភាគ៖ គ្រូបង្រៀនចាប់ឈូសសក់សិស្សដោយគ្មានការអនុញ្ញាត តើត្រឹមត្រូវដែរឬទេ?

ជាធម្មតា ដែលអង្គភាពមួយ ឬស្ថាប័នមួយ ដំណើរការទៅបាន ត្រូវមានបទដ្ឋានគតិយុត្តិ និងការអនុវត្តមួយសមស្របដើម្បីស្ថេរភាព និងសណ្តាប់ធ្នាប់របស់អង្គភាពនោះ ចៀសវាងភាពអនាធិបតេយ្យ។ ថ្មីៗនេះ នៅលើបណ្តាញសង្គម មានការបង្ហោះ ចែករម្លែក និងមានមតិយោបល់ទាំងគាំទ្រ និងរិះគន់យ៉ាងខ្លាំង ទៅលើសកម្មភាពរបស់គ្រូបង្រៀន ដែលប្រើកន្ត្រៃត្រង់ដឺ ឈូសសក់សិស្ស ដល់ស្បែកក្បាល និងថតបង្ហោះលើបណ្តាញសង្គម បង្ករភាពអាម៉ាស់ដល់សិស្ស និងមានការរិះគន់ពីមហាជនយ៉ាងខ្លាំង។

តើសកម្មភាពរបស់គ្រូបង្រៀនទាំងនោះ ត្រឹមត្រូវដែរឬទេ? សូមអានការពន្យល់របស់អ្នកជំនាញផ្នែកច្បាប់សារព័ត៌មានខ្មែរឈានមុខដូចតទៅ៖
គ្រូបង្រៀន ជាមន្ត្រីរាជការសាធារណៈ ដែលបានបញ្ចប់ការសិក្សា ចំណេះទូទៅ និងសាលាគរុកោសល្យ ដែលអាចសន្មតបានថាជាបញ្ញវន្ត និងជាបុគ្គលគម្រូ ដែលប្រកបដោយចំណេះដឹង សេចក្តីថ្លៃថ្នូ មានការសណ្តោសប្រណី ចំពោះសិស្សានុសិស្ស និងមនុស្សជាតិ។
គ្រូបង្រៀន អនុវត្តតួនាទីនិងភារកិច្ច របស់ខ្លួនស្របតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៦ ច្បាប់ស្តីពីការអប់រំ ឆ្នាំ២០០៧ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន លិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ឬសាលាដែលខ្លួនកំពុងបំពេញភារៈកិច្ច។ តាមពិតទៅ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិទាំងអស់នោះ រួមទាំងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន(បើមាន) គឺចែងតែអំពីតួនាទី និងភារៈកិច្ចរបស់គ្រូ ចំពោះសាលារៀន និងសិស្ស ពោលគឺការបង្រៀន និងការទទួលខុសត្រូវរបស់គ្រូ។

ចំពោះការអនុវត្តវិន័យ ពីសំណាក់គ្រូបង្រៀន ឬថ្នាក់ដឹកនាំសាលា ទៅលើសិស្សកន្លងមក គឺជាការអនុវត្តតាមតៗគ្នា ដែលគ្មានសេចក្តីណែនាំពីច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយឡើយ។ ប្រសិនបើមាន បទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលចែងផ្ទុយពីច្បាប់(ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ) ហើយការអនុវត្តដែលប៉ះពាល់ដល់សិទ្ធិកុមារ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជាផ្ទៃក្នុងរបស់សាលានោះ ជាអំពើខុសច្បាប់ ដែលទាំងអ្នកអនុវត្ត និងថ្នាក់ដឹកនាំសាលា ត្រូវតែទទួលទោសតាមច្បាប់ជាធរមាន។

យើងមកមើលពីសកម្មភាពរបស់គ្រូបង្រៀនដែលកាត់សក់(ឈូស)សិស្សវិញម្តង។ តាមទម្លាប់ សាលាបង្គាប់ឱ្យសិស្សកាត់សក់ខ្លី (កុំឱ្យជើងសក់ទល់ត្រចៀក ចំពោះសិស្សប្រុស និង ត្រូវចងសក់ឱ្យមានរបៀប ចំពោះសិស្សស្រី) ដែលគ្មានចែងជាបទបញ្ញត្តិ ឬបទបញ្ជាផ្ទៃក្នុងរបស់សាលាឡើយ។ ហើយចង់សាលាណាអនុវត្ត ក៏អនុវត្តទៅ សាលាណាមិន អនុវត្តទេក៏ហីទៅ។ ចំពោះសម្លៀកបំពាក់វិញ ពីដើម សិស្សប្រុស ត្រូវស្លៀកខោពណ៍ទឹកប៊ិក ឬខ្មៅ(ជើងវែង) និងសិស្សស្រី ត្រូវពាក់អាវស និងសំពត់ ពណ៍ទឺកប៊ិក ឬខ្មៅ។ សូម្បីតែប្រវែងដៃអាវ ជើងខោ ឬសំពត់ ក៏ពុំបានកំណត់ដែរ គឺស្រេចតែលើនាយកសាលា និងមន្ត្រីសាលាថាតាមចិត្ត មើលតាមភ្នែក សន្មតយកតែប៉ុណ្ណោះ។

ការកំណត់នេះ ជាការកំណត់តាមមាត់ និងអារម្មណ៍របស់ថ្នាក់ដឹកនាំសាលា ព្រោះពុំមានចងក្រងជាឯកសារ និងស្តង់ដាថា តើសក់ប្រវែងប៉ុន្មានហៅ “វែង” ដែលត្រូវតែកាត់ ហើយកាត់ត្រឹមកម្រិត “ប៉ុន្មានដែលសមរម្យ” ត្រូវកាត់ម៉ូតបែបណា និងកាត់ដោយជាងណា? សំពត់ប្រវែងណា ដែលហៅថា “ខ្លី” ហើយត្រូវតែទទួលទណ្ឌកម្មនោះ! តើទណ្ឌកម្មត្រូវធ្វើបែបណា ដែលសមរម្យ ពុំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងភាពអាម៉ាស់របស់ក្មេង និងការរម្លោភសិទ្ធិកុមារ?
ការវិវត្តន៍ក្រោយៗមកទៀត សាលាខ្លះបានបង្កើតគម្រូម៉ូតសម្លៀកបំពាក់ ដាក់ជាស្តង់ដាឱ្យសិស្សកាត់តាម ខ្លះមានកំណត់ទីតាំងកាត់ ដើម្បីបានពណ៍ និងសាច់ក្រណាត់ដូចគ្នា ឬអាចថាដើម្បីបានភាគរយពីជាងផងពេលខ្លះ ដែលជាគំនិតរបស់នាយកសាលា ឬពេលខ្លះនាយកសាលាខ្លះចិត្តល្អ ឱ្យសិស្សជ្រើសរើសជាង និងក្រណាត់ដោយខ្លួនឯង និងបានជួយដល់សិស្សក្រីក្រដែលខ្លះលទ្ធភាពផង ដែលជាគុណធម៌ គួរយកជាគម្រូ ឬផ្តល់កិត្តិយសខ្ពង់ខ្ពស់ដល់រូបគាត់។
ការកាត់សក់សិស្ស ឬការប៉ះពាល់ផ្សេងទៀត លើរាងកាយកុមារ ដោយគ្មានការយល់ព្រម ទោះបីជាមានបទបញ្ជាផ្ទៃក្នុងរបស់សាលា ឬបញ្ជាពីថ្នាក់លើណាក៏ដោយ ជាការរំលោភបំពានសិទ្ធិកុមារ និងជាការប្រើហឹង្សាដោយផ្ទាល់ទៅលើកុមារ ដែលប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ និងប្រាជ្ញាស្មារតីរបស់កុមារ ដែលផ្ទុយពីគោលការណ៍គរុកោសល្យ និងស្មារតីនៃការអប់រំសតវត្សទី២១នេះ។

មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហឹង្សាដោយចេតនា គឺរាល់អំពើហឹង្សាប្រព្រឹត្តដោយចេតនា លើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ៦លានរៀល។ មាត្រា ២១៨ នៃច្បាប់ដដែលនេះ ត្រូវមានស្ថានទម្ងន់ទោស បើចារីបានគិតទុកជាមុន និងមាត្រា ២១៩ នៃច្បាប់ដដែល ត្រូវមានស្ថានទម្ងន់ទោស ទាក់ទងនិងស្ថានភាពនៃអាយុរបស់ជនរងគ្រោះ(កុមារ)។

មាត្រា ២១៧ នេះ ជាយុត្តិសាស្រ្ត ចៅក្រមកាត់ក្តី ដោយសារអំពើហឹង្សាដោយកម្លាំងកាយ ឬកម្លាំងបាយ ទៅលើរាងកាយនៃបយុគ្គលម្នាក់ទៀត ដោយមានព្យសនកម្ម លើរាងកាយ ដូចជាការឈឺចុកចាប់ ឬបួសស្នាម។ បើទោះបីជាច្បាប់ពុំបានកំណត់បែបនេះក្តី។
ចុះបើការកាត់សក់(ឈូសដល់ស្បែកក្បាល ឬកោរត្រងោល) តើជាការប្រើកម្លាំងបាយដោយបង្ខំ ធ្វើឱ្យមាន ពន្យសនកម្មលើរាងកាយកុមារដែរឬទេ? តើទាល់តែហើមប៉ោង ឬដាច់រលាត់ស្បែក ទើបហៅថាហឹង្សា?

យើងមកមើលលើព្យសនកម្មដែលជាយុត្តិសាស្រ្តថា បើជនរងគ្រោះ ត្រូវជនល្មើសបង្ករហឹង្សា បណ្តាលឱ្យដាច់រលាត់ស្បែកចេញឈាម ដែលចៅក្រមកាត់ក្តីពីបទហឹង្សានោះ បានជាប់ពន្ធនាគារ៦ខែ ទៅ១ឆ្នាំ។ តែជនរងគ្រោះនោះ ក្រោយពីបានសម្រាកពេទ្យ១សប្តាហ៍ ឬ១ខែក្រោយមក គាត់មានស្មារតីល្អ អាចធ្វើការ និងប្រកកិច្ចការបានដូចធម្មតាវិញ តើជាព្យសនកម្ម(ការខូចខាត) ដែលមានស្ថានភាពធ្ងន់ដែរឬទេ?
ចុះបើកុមារ ត្រូវគ្រូឈូសសក់ ឬកាត់ច្រឹបដល់ស្បែកក្បាល និងថតបង្ហោះ ធ្វើឱ្យមានការអាម៉ាស់ ប៉ះពាល់ដល់ផ្លូវចិត្ត និងអាចឈានដល់ការបោះបង់ការសិក្សា ឬមានវិបត្តិផ្លូវចិត្ត នៅពេលក្រោយ ឬចង់គំនុំ ដូចបណ្តាមេដឹកនាំផ្តាច់ការ ដូចជាស្តាលីន ហ៊ីត្លែរ ជាដើម បាត់បង់អនាគត តើពុំមែនជាព្យសនកម្មធ្ងន់ទេ? តើគួរបណ្តោយឱ្យគ្រូបង្រៀនមួយចំនួនតូចដែលខ្វះក្រមសីលធម៌ជាគ្រូបង្រៀន និងការសណ្តោសប្រណីដល់សិស្ស និងមនុស្សជាតិ បន្តធ្វើខុស និងជាគម្រូដ៏អាក្រក់ ដែលបំផ្លាញអនាគតកុមារកម្ពុជា តាមទំនើងចិត្តដូច្នេះជាបន្តទៀតឬទេ?

បើដូច្នេះ សាកទៅចាប់អ្នកណាម្នាក់ មកកាត់ កោរ ឬឈូសសក់ ឱ្យអាក្រក់មើល ហើយថតបង្ហោះជាសាធារណៈលមើល? តើមាន ឬគ្មានព្យសនកម្មទេ? ឬអ្នកដទៃមានព្យសនកម្ម តែសិស្សគ្មានព្យសនកម្មទេ? តើនេះពុំមែនជាបទហឹង្សាដោយចេតនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ មាត្រា ២១៧ ទេ? បើការកាត់សក់ ឬឈូសសក់សិស្សនេះជាបទល្មើសហឹង្សា តើបណ្តោយឱ្យសិស្សទុកសក់វែង ឬស្លៀកពាក់តាមទំនើងចិត្ត ធ្វើឱ្យបាត់បង់សណ្តាប់សាលាទៅ? ការដោះស្រាយបញ្ហានេះ ត្រូវតែធ្វើក្នុងក្របខណ្ឌច្បាប់ និងបទបញ្ញត្តិទាំងឡាយ ដែលមានចែងជាធរមាន!

តើគ្រូសម្អាងលើអ្វី ដែលធ្វើសកម្មភាពបែបនេះ? តើសក់វែង សំពត់ខ្លី សម្លៀកបំពាក់មិនស្តង់ដា ធ្វើឱ្យគុណភាពអប់រំ និងចំណេះដឹងសិស្សមិនអាចរីកចម្រើនបានទេ? តើលោកគ្រូមានដឹងទេថា ការកំណត់ស្តង់ដា តាមមាត់ តាមទំនើងចិត្ត ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងការលូតលាស់ផ្នែកប្រាជ្ញាស្មារតីរបស់សិស្ស និងប៉ះពាល់ដល់ធនធានមនុស្សរបស់កម្ពុជា?

បើចង់កំណត់ ឬបង្កើតស្តង់ដា សម្រាប់សិស្ស ការកំណត់ទាំងនោះ ត្រូវតែស្របនឹងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិទាំងអស់ជាធរមាន។ ហើយស្តង់ដាប្រវែងសក់សិស្ស សាលាត្រូវតែកំណត់ប្រវែងសក់សិស្សជាមុន។ ហើយយកល្អ គួរតែបង្កើតក្រុមជាងកាត់សក់របស់សាលា ហើយអនុវត្តឱ្យបានដូចៗគ្នា ទាំងគ្រូ និងសិស្ស ហើយត្រូវត្រួតពិនិត្យ ចៀសវាងការបន្លំ គុំគួន សងសឹក ដោយកាត់ខ្លី ឬអាក្រក់មើលចំពោះសិស្សណាម្នាក់ ដែលគ្រូ ឬជាងនោះមិនចូលចិត្ត។
បើសក់សិស្សនោះវែង តើវែងលើសកម្រិតកំណត់ប្រវែងណា ហើយការកាត់នោះ ត្រូវតែស្របនឹងការកំណត់នោះ ដោយមិនត្រូវកាត់ខ្លីជាងប្រវែងដែលកំណត់នោះ បង្ករឱ្យមានភាពអាម៉ាស់ដល់សិស្សនោះឡើយ។ មួយទៀត មន្ទីរអប់រំខេត្តបាត់ដំបងបានលើកឡើង ការកាត់សក់សិស្សនេះ គឺជាការអនុវត្តតាមក្រុមប្រឹក្សាវិន័យរបស់សាលា និងពុំមានការប្តឹងតវ៉ាពីសំណាក់អាណាព្យាបាលសិស្ស និងសិស្សដែលរងការបំពានឡើយ។

បើសិននេះជាបទល្មើស ដែលមានចែងក្នុងមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ តើការមិនប្តឹងពីជនរងគ្រោះ និងអាណាព្យាបាល អាចលើកលែងបទចោទ ឬបណ្តឹងអាជ្ញារលត់? តើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យសាលារៀន អាចបដិបញ្ញត្ត(អាចលុប) ក្រមព្រហ្មទណ្ឌ ច្បាប់ និងលិខិតបទដ្ឋានដែលនៅជាធរមានបានទេ?មួយទៀត តើការកំណត់ស្តង់ដាសម្លៀកបំពាក់ដល់សិស្សសាលារដ្ឋ នៅសាលាចំណេះទូទៅ ជាការត្រឹមត្រូវដែរឬទេ?

នោះជាការរើសអើង ដល់សិស្សក្រីក្រ ជាការប្រព្រឹត្តដ៏អសីលធម៌ចំពោះកុមារក្រីក្រ។ ច្បាប់កម្ពុជា ការអប់រំនៅសាលាចំណេះទូទៅ ជាការអប់រំដោយពុំមានបង់ប្រាក់ ដែលជាគោលនយោបាយជាតិ។ ចុះបើសាលារដ្ឋកំណត់ដូច្នេះ ហើយសិស្សគ្មានលទ្ធភាពអនុវត្តតាមស្តង់ដាសាលានោះ មិនបោះបង់ចោលការសិក្សាទៅហើយ? ដូច្នេះ ការកំណត់ស្តង់ដារសាលា ដោយគ្មានការជួយជ្រោមជ្រែងដល់សិស្សក្រីក្រ ពីសំណាក់នាយកសាលា ជាបទល្មើសរើសអើង ដែលមានចែងក្នុងមាត្រា ២៦៥ នៃក្រមព្រហ្មទណ្ឌ។ ព្រោះការផ្តល់សេវា ដល់កុមារ ពុំតម្រូវឱ្យមានលក្ខខណ្ឌដោយឡែកឡើយ លើកលែងតែច្បាប់កំណត់។

បើចង់បានស្តង់ដាមួយ សាលាត្រូវតែបង្កើតថ្នាក់រៀនពិសេស ដែលសម្រាប់ទទួលសិស្សឆ្នើម ទាំងចំណេះដឹង និងការអនុវត្តបទបញ្ជាផ្ទៃក្នុងសាលា ទៅតាមលំដាប់សិស្ស ក្រុមA B ឬ C ជាដើម។ ហើយសិស្សដែលមិនជាប់ចំណាត់ថ្នាក់ ត្រូវបន្តរៀននៅថ្នាក់ធម្មតា ដោយគ្មានការពិន័យ ឬដាក់ទោសទណ្ឌឡើយ។ ការអប់រំកុមារ ត្រូវតែធ្វើជាគម្រូ ប្រកបដោយ ធម៌សណ្តោសប្រណី ជាជាងការប្រើហឹង្សា និងទណ្ឌកម្ម ដែលបន្សល់ទុកនូវការចងចាំដ៏ឈឺចាប់ គំនុំ និងការសងសឹក។

ពុំមាននណាម្នាក់អាចមកកំណត់ទោសទណ្ឌ ឬដកបណ្តឹង ជំនួសកុមារដែលរងនូវការរំលោភបំពានផ្លូវច្បាប់បានឡើយ សូម្បីតែអាណាព្យាបាល លើកលែងតែមានច្បាប់កំណត់ ពុំមែនជាសេចក្តីសម្រេចរបស់ក្រុមមនុស្ស ឬក្រុមប្រឹក្សា វិន័យណាមួយឡើយ។ ហើយសមត្ថកិច្ចក្នុងការដាក់ទោសទណ្ឌដល់សិស្ស ក៏ពុំមែនជាភារកិច្ចរបស់គ្រូបង្រៀនដែរ។ ក្រសួងអប់រំ និងអាជ្ញាធរតុលាការ នឹងត្រួតពិនិត្យឡើងវិញ នូវបទបញ្ជផ្ទៃក្នុងរបស់គ្រឹះស្ថានអប់រំសាធារណៈរបស់រដ្ឋទាំងអស់ នូវសកម្មភាពមិនប្រក្រតី ដែលផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់ទាក់ទងនិង វិស័យអប់រំនៅកម្ពុជា និងពង្រឹងវិន័យ តួនាទី និងភារៈកិច្ចរបស់គ្រូបង្រៀន កុំឱ្យដើរលើសបន្ទាត់អ្នកអប់រំ ដែលពោរពេញទៅដោយសីលធម៌ គុណធម៌ និងការសណ្តោសប្រណី ដល់កុមារ និងមនុស្សជាតិ៕