ព្រះសីហនុ៖ តំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខលាតសន្ធឹងតាមបណ្តោយព្រែកមានផ្ទៃដីទំហំប្រមាណ ២០ហិកតា កំពុងត្រូវបានធ្វើការអភិវឌ្ឍកែលម្អរជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងតំបន់កោះរ៉ុង នៃខេត្តព្រះសីហនុ មិនមានការបំពុលបរិស្ថានដោយថង់ប្លាស្ទីក។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថា បច្ចុប្បន្នភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តព្រៃកោងកាងព្រែកតាសុខនេះ មានមកពីបណ្តារាជធានី-ខេត្ត ពិសេសនៅពេលមានពិធីបុណ្យជាតិ អន្តរជាតិម្តងៗ។ ម្យ៉ាងទៀតភ្ញៀវទេសចរមកលេងកម្សាន្តតំបន់កោះ មិនអាចភ្លេចសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងនេះទេ ដែលកំពុងមានការអភិវឌ្ឍជាទីទាក់ទាញពីសំណាក់ភ្ញៀវទេសចរប្រកបដោយផាសុខភាព ព្រមទាំងមានបរិស្ថាន អនាម័យ ទទួលយកខ្យល់បរិសុទ្ធសម្រាប់ក្រុមគ្រួសារ។
លោក អភិបាលខេត្ត ក៏បានគាំទ្រការបង្កើតឱ្យមានសហគមន៍ទេសចរណ៍ព្រែកកោងកាង និងបានធ្វើការណែនាំឱ្យប្រធានសហគមត្រូវខិតខំយកចិត្តទុកដាក់កែច្នៃតំបន់នេះ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ ព្រោះទីតាំងនេះសម្បូរទៅដោយព្រៃកោងកាង រុក្ខជាតិដុះចម្រុះតាមបែបធម្មជាតិ ទន្ទឹមនឹងការការពារថែរក្សា អភិរក្ស យើងក៏ត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមានភាពស្រស់ស្អាត និងបៃតង។
ជាមួយគ្នានេះលោកបានណែនាំឱ្យសហគមន៍ដាក់តំបន់នេះជាតំបន់ (គ្មានថង់ប្លាស្ទីក) គ្មានការបំពុលបរិស្ថាន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋតំបន់កោះឱ្យមានការងារធ្វើកាន់តែច្រើន ធ្វើឱ្យជីវភាពរបស់ពួកកាន់តែល្អប្រសើរ ព្រោះព្រៃកោងកាងជាប្រភពទាក់ទាញភ្ញៀវទេសចរ បើយើងចេះឆ្នៃប្រឌិតវាឱ្យស្របទៅតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ទន្ទឹមនោះយើងក៏រត្រូវរៀបចំវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលជាសមិទ្ធផលតំបន់កោះសម្រាប់ភ្ញៀវទេសចរបន្ថែមទៀត។
បន្ថែមពីនេះ លោក គួច ចំរើន បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចអាជ្ញាធរសង្កាត់ ក្រុង ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សា និងអភិរក្សព្រៃឈើរបស់យើងឱ្យបានគង់វង្ស ព្រោះព្រៃឈើទាំងអស់នេះវានាំមកនូវប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋតំបន់កោះ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរបរទេសមកពីតំបន់អ៉ឺរ៉ុបពួកគេចូលចិត្តទេសចរណ៍បែបធម្មជាតិ ដូច្នេះយើងត្រូវរៀបចំកែឆ្នៃតំបន់នេះឱ្យក្លាយជាតំបន់មួយ ដែលមានភាពទាក់ទាញបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋតំបន់កោះរបស់យើងមានជីវភាពកាន់តែប្រសើរ។
សូមរំលឹកថា កាលទី១៨ ខែមករា ឆ្នាំ២០២៣ កិច្ចព្រមព្រៀង និងការអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ក៏ត្រូវបានចុះហត្ថលេខាលើអនុស្សារណៈ រវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយាល់គ្រុប ឌីវេឡុបមេន ខមភេនី ។យោងតាមកិច្ចព្រមព្រៀងនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ដែលស្ថិតនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក មានរយៈពេលសាងសង់ប្រមាណ ៥ឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិដែលនឹងចាប់ផ្តើមសាងសង់នេះ មានចំងាយផ្លូវរត់ប្រវែង ២៤០០ម៉ែត្រ។ ក្រោយបញ្ចប់ការសាងសង់ អាកាសយានដ្ឋាននេះ នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ៕ ដោយ៖ ពុទ្ធិពល