រដ្ឋមន្ត្រី៖ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា- ស្វីសមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ

ក្រុងដាវ៉ូស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសស្វីសគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ ៣៧៩ លានដុល្លាអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង ៩៧៤ លានដុល្លាអាមេរិក។

ការឱ្យដឹងពី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិខាងលើនេះ ធ្វើឡើងកក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងជួបពិភាក្សាការងារជាមួយ លោក Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ។

ទាក់ទងនឹងការងារនេះផងដែរ លោក រដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រទេសស្វីសពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ជាការឆ្លើយតប លោកស្រី Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រីក៏បានកោតសរសើរពីការជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ។

ភាគីទាំងពីរបានប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិផងដែរ៕ ដោយ៖ ពុទ្ធិពល