សម្ដេចតេជោ ៖ ម៉ាល់ឌីវ នឹងគាំទ្រកម្ពុជា ឱ្យក្លាយជាសមាជិកសង្កេតការណ៍អង្គការ OIC

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ម៉ាល់ឌីវ នឹងបន្ដគាំទ្រកម្ពុជា ដើម្បីឱ្យក្លាយទៅជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) ។

នាឱកាសធ្វើសន្និសីទសារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃ១៦ មករា សម្តេចតេជោសង្ឃឹមថា សមាជិកអាស៊ានដទៃទៀត នឹងទទួលយកម៉ាល់ឌីវ ជាដៃគូរបស់អាស៊ាន ហើយសម្ដេចគិតថា សម្រាប់ទស្សនកិច្ចរបស់សម្ដេច នៅម៉ាល់ឌីវ នាពេលនេះ គឺជាការបើកផ្លូវ មួយដ៏សំខាន់ចំពោះទំនាក់ទំនងប្រទេសទាំង២។

សម្ដេចតេជោបន្តថា «យើងចង់ក្លាយទៅជាសមាជិក OIC ជាអ្នកសង្កេតការណ៍ ហើយសង្ឃឹមថា យើងនឹងក្លាយជាតួរអង្គដ៏សំខាន់នៃការធ្វើសុខដុមនីយកម្ម ជាតិ សាស្ដ្រ និងសាសនានៅកម្ពុជា។ សង្ឃឹមថា ម៉ាល់ឌីវ នឹងបន្ដការគាំទ្ររបស់យើង ដើម្បីឱ្យយើងក្លាយទៅជាសមាជិកសង្កេតការណ៍ នៅក្នុងអង្គការ OIC នេះតែម្ដង»។

សម្ដេចតេជោក៏បានប្រាប់ប្រធានាធិបតីម៉ាល់ឌីវ ថា សម្ដេច នឹងរកផ្លូវចំនួនមួយខ្សែ ដើម្បីប្រែក្លាយជាផ្លូវមិត្តភាពរវាងកម្ពុជា-ម៉ាល់ឌីវ ហើយនឹងសម្ពោធក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីម៉ាល់ឌីវ នៅកម្ពុជានាពេលខាងមុខ៕ ដោយ៖​ រិន ចំរើន