លោក កើត រិទ្ធ អនុញ្ញាតឱ្យតំណាង ឧត្តមក្រុមប្រឹក្សាសារការីបារាំងចូលជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកសារការី  Jean DELEAGE តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកសារការី Olivier BARLET ប្រធានកិត្តិយសក្រុមប្រឹក្សា សារការីនៃតំបន់សាលាឧទ្ធរណ៍ ទីក្រុងលីយ៉ុង និងជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាសារការីបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសារការី នៃ សាធារណរដ្ឋបារាំង។

ថ្លែងនៅក្នុងឱកាសនោះ  លោក កើត រិទ្ធ បានរំលេចអំពីទំនាក់ទំនងល្អប្រសើរ រវាងក្រសួងយុតិ្តធម៌ និងឧត្តមក្រុមប្រឹក្សាសារការីបារាំង និងបានស្នើសុំឱ្យឧត្តមក្រុមប្រឹក្សាសារការីបារាំងជួយដល់ក្រសួងយុតិ្តធម៌លើការបណ្តុះបណ្តាលសារការី ដែលបានតែងតាំងរួចនៅកម្ពុជា ឲ្យអាចអនុវត្តវិជ្ជាជីវៈខ្លួនប្រកបដោយគុណភាព និង ទទួលបានការទុកចិត្តពីអតិថិជន ក៏ដូចជាជួយដល់ការងាររៀបចំលិខិតបទដ្ឋានគតិយុត្តដ៏រឹងមំាផ្សេងៗពាក់ព័ន្ធនឹងដំណើរការ វិជ្ជាជីវៈសារការីនេះ  ស្របតាមតម្រូវការ និងបរិបទជាក់ស្តែងរបស់កម្ពុជា។

ក្រោយជំនួបផ្ទាល់ជាមួយលោក ឧបនាយករដ្ឋមន្ត្រី,  លោក តាន់ហ៊ាង  ដាវ័ណ្ណ  តំណាងក្រសួងយុត្តិធម៌បានបន្តកិច្ចប្រជុំបច្ចេកទេស  និងផ្លាស់ប្តូរបទពិសោធន៍ជាមួយតំណាង ឧត្តមក្រុមប្រឹក្សាសារការី  លើចំណុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសារការីនៅក្នុងប្រទេសទាំងពីរសំដៅប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាង ច្បាប់ស្តីពីលក្ខន្តិកៈសារការី និង លិខិតបទដ្ឋានគតិយុត្តចាំបាច់ផ្សេងទៀតក្នុងការគ្រប់គ្រងវិជ្ជាជីវៈសារការី៕