សម្តេច ហ៊ុន ម៉ាណែត៖ មានអគារសិក្សាល្អហើយ ចាំបាច់ត្រូវតែមាននាយកសាលាប្រកបដោយវិជ្ជាជីវៈ

ភ្នំពេញ៖  សម្តេច  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានថ្លែងចាត់ទុកថា ទន្ទឹមនឹងមានការអគារសិក្សាល្អហើយ ចាំបាច់ក៏ត្រូវតែមាននាយកសាលាប្រកបដោយចំណេះដឹងមានវិជ្ជាជីវៈ ដើម្បីធ្វើឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅរាជធានីភ្នំពេញ០៥ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្នសិក្សានុសិស្សមានភាពងាយស្រួលក្នុងការសិក្សា ដោយសារសាលារៀនមាននៅក្នុងភូមិ-ឃុំជិតផ្ទះ មិនលំបាកវេចបង្វិចដើររកសាលារដ្ឋដូចពីមុនឡើយ។ សម្តេចថា បើគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសច្រើនអាណត្តិតទៅមុខទៀត នឹងមានគោលនយោបាយបង្កើតសាលារៀនរដ្ឋឲ្យមានគ្រប់ភូមិ ឃុំ ស្រុក សង្កាត់ ខណ្ឌទាំងអស់ ស្ថិតនៅជិតផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។

ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានជំរុញដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសនាយកសាលាតាមបណ្តាគ្រប់សាលារៀនទូទាំងប្រទេស ពីព្រោះនាយកសាលា គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រង បណ្ដុះបណ្ដាលធនធានមនុស្ស រាប់ចាប់តាំងពីសិស្សថ្នាក់មត្តេយ្យ រហូតដល់សិស្សមធ្យមសិក្សា។ ដូចនេះ ក្រសួងអប់រំត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលាទាំងអស់ត្រូវធ្វើការពិនិត្យ និងសម្រេច មុននឹងតែងតាំងនាយកសាលនោះ។

ជាមួយគ្នានេះដែរ សម្តេចបានថ្លែងកោតសរសើរដល់សិស្សានុសិស្សថាមានឥរិយាបទល្អ និងមានភាពឆ្លាតវៃដោយចេះបង្កើតកម្មវិធីសិក្សាដោយខ្លួនឯង ចេះសិក្សាស្រាវជ្រាវ និងការបង្កើតរូបមន្តសមីការ ហើយចេះដោះស្រាយបានទៀត។

បើតាមសម្តេច ហ៊ុន ម៉ាណែត សិស្សពីមុនរៀនសូត្រមានការលំបាកច្រើន ខុសគ្នាឆ្ងាយពីសិស្សានុសិស្សសម័យបច្ចុប្បន្នដែលសំបូរសាលារៀន សំបូរគ្រូបង្រៀន និងមានប្រភពស្រាវជ្រាវដ៏សំបូរបែប។ សម្តេចថា ប្រភពមានច្រើនគឺសម្រាប់ជំនួយស្មារតីក្នុងស្រាវជ្រាវ បង្កើនចំណេះដឹងដល់ការរៀនសូត្ររបស់សិស្សានុសិស្ស អមជាមួយសិស្សានុសិស្សមានឥរិយាបទល្អថែមទៀត នឹងនាំមកនូវការសិក្សារបស់សិស្សានុសិស្សទទួលបានជោគជ័យ មានអនាគតល្អសម្រាប់សង្គមជាតិ៕