ដំណឹងល្អ! អង់គ្លេសសម្រេចផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីដល់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីដល់កម្ពុជា
UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

តាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។