Update៖ចំនួនអ្នកស្លាប់កើនឡើងដល់១៧៤នាក់ ក្នុងហេតុការណ៍ការរត់ជាន់គ្នាក្នុងកីឡាដ្ឋានបាល់ទាត់មួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី

(ហ្សាការតា) ៖ មនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅទីលានប្រកួតបាល់ទាត់មួយកន្លែងឋិតក្នុងទីក្រុង Malang ភាគខាងកើតខេត្ត Java របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះបានក្លាយជាឧបទ្ទេវហេតុដ៏អាក្រក់នៃកីឡាដ្ឋានមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃអាទិត្យ ទី២ តុលានេះ។

ការរត់ជាន់គ្នានេះបានកើតឡើងបន្ទាប់ពីក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្រដែលរត់ចូលអុកឡុកទីលានប្រកួត និងបានប៉ះទង្គិចគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់រវាងក្រុម Arema FC និងក្រុម Persebaya Surabaya បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ការប្រកួតក្នុងលទ្ធផល 3-2 ហើយស្របពេលនោះមនុស្សរាប់ពាន់នាក់បានហក់ឡើងឆ្ពោះទៅច្រកចេញរបស់កីឡដ្ឋាន Kanjuruhan ជាកន្លែងដែលមនុស្សជាច្រើនបានថប់ដង្ហើម។

សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បានប្រាប់បណ្តាសារព័ត៌មានក្នុងស្រុកថា គាត់បានឃើញមនុស្សជាច្រើននាក់បានរត់ជាន់លើគ្នា ដើម្បីប្រញាប់ប្រញាល់រត់គេចខ្លួន។

រដ្ឋមន្ត្រីកីឡា និងយុវជន របស់ប្រទេសឥណ្ឌូនេស៊ី លោក Zainudin Amali បានលើកឡើងថា លោកបានស្នើឱ្យមានការស៊ើបអង្កេតពេញលេញលើសោកនាដកម្មនេះ ដើម្បីកំណត់ភាគីដែលទទួលខុសត្រូវនៅក្នុងហេតុការណ៍ដ៏សោកនាដកម្មមួយនេះ។ លោក ថា លោកកំពុងសម្របសម្រួលជាមួយអគ្គស្នងការនគរបាលជាតិ និងប្រធានសហគមន៍បាល់ទាត់ឥណ្ឌូនេស៊ី នឹងចុះផ្ទាល់ទៅកាន់ទីលានកីឡដ្ឋានក្នុងទីក្រុង Malaang តែម្តង៕ ដោយ៖ឧត្តម