អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែន បានដណ្តើមការកាន់កាប់ផ្ទៃដីជាង៦ពាន់ម៉ែត្រការ៉េនៅភាគខាងកើត និងភាគខាងត្បូងពីការគ្រប់គ្រងរបស់ទាហានរុស្ស៊ីដែលបានចូលឈ្លានពានទឹកដីអ៊ុយក្រែនក្នុងខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី១៣ កញ្ញានេះ។
បើតាមប្រភពដដែល សម្រាប់ភាគីរុស្ស៊ីឯណោះវិញ ក៏ទទួលស្គាល់ការបាត់បង់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kharkiv ភាគឦសាន របស់អ៊ុយក្រែន ហើយបញ្ហានេះត្រូវបានអ្នកជំនាញយោធាមួយចំនួនមើលឃើញថា ជារបកគំហើញដ៏មានសក្តានុពលនៅក្នុងសង្គ្រាម។
តែទោះបីជាយ៉ាងនេះក៏ដោយចុះ ទីក្រុងមូស្គូនៅតែអះអាងថា ការដកទ័ពរបស់ខ្លួនចេញពីតំបន់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថាជា “ការប្រមូលផ្តុំឡើងវិញ” ក្នុងគោលបំណងផ្តោតលើតំបន់ Luhansk និង Donetsk នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ការអះអាងខាងលើនេះ ត្រូវបានគេសើចចំអកសូម្បីតែនៅក្នុងប្រទេសរុស្ស៊ីខ្លួនឯង ដោយអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើននៅទីនោះពណ៌នាការដកខ្លួនចេញនោះថាជារឿងគួរឱ្យអាម៉ាស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការប្រឆាំងការវាយលុករបស់ពួកគេ។ តែលោកថា វាលឿនពេកក្នុងការទស្សន៍ទាយលទ្ធផល៕
ដោយ៖ វង្ស សំណាង