រដ្ឋមន្រ្តីបរិស្ថាន៖ យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាបជាអាទិភាពទីមួយ

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន។ នេះជាការលើកឡើង របស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ២០២៤។

លោក រដ្ឋមន្រ្តីបានបន្ថែមថា យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺ សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យ ហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថាន ចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ៧លាននាក់ នៅគង់វង្ស។  ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត បានថ្លែងថាយើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក។ នៅពេលថង់ប្លាស្ទិកនៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ»។

ដូចនេះជំហានទី១នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ ព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងការរៀបចំរបាំងតាមប្រប័ន្ធទាំងនោះ ទប់ស្កាត់មិនឱ្យ ប្លាស្ទិកហូរចូលទន្លេសាប។ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ។ បន្ទាប់មកក្រសួងបរិស្ថាន និងបន្តសហការជាមួយដៃគូ សំអាតទន្លេសាប ដោយស្នើឱ្យជួយបង្កើតម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកនៅកម្ពុជា ឱ្យបានច្រើន នោះទន្លេសាបយើងនឹងមានសង្ឃឹមឆ្ពោះទៅភាពស្អាតជាទីមនោរម្យ ទាក់ទាញទេសចរផង និងរក្សាបានប្រភពធនធានធម្មជាតិល្អ តទៅកូនចៅជំនាន់ក្រោយទៀត៕