ភ្នំពេញ៖ ផ្សារទំនើប K MALL ជាការអភិវឌ្ឈគម្រោងផ្សារទំនើបធំទូលាយថ្មីមួយទៀតនៅក្នុងតំបន់ព្រែកត្នោត គ្រោងនឹងនឹងបើកដំណើរការក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើប K MALL វេងស្រេងកាលពីថ្ងៃទី១៩ ខែកញ្ញានេះ គម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៣ដោយគ្រោងបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៤ លើដីទំហំជាង៨ ០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅតាមណ្តោយផ្លូវជាតិលេខ២ ជាប់នឹងបុរីចន្ទគីរី (Borey Chankiri) ហើយក៏ជាគម្រោងថ្មីមួយទៀតបង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានរង្វាន់ អឺបេនលែន (Urbanland)។
ផ្សារទំនើបថ្មីនេះ បានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី Lucky Supermarket ប្រោនកាហ្វេ BROWN និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀតនឹងចូលរួមជាបន្តបន្ទាប់នាពេលអនាគត។
គម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងបង្កើតជាទីកន្លែងសម្រាប់ជួបជុំគ្នាជាសាធារណៈ ផ្លាហ្សាបើកចំហធំទូលាយ ផ្សារតូបតូចៗ និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបរីករាយផ្សេងៗទៀត ព្រមទាំងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការទិញទំនិញប្រចាំថ្ងៃ និងការកម្សាន្តជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់លោកអ្នក៕
ដោយ៖ សាន សៀងហៃ