គម្រោងវិនិយោគសាងសង់សារមន្ទីរ​ 3D នៅខេត្តសៀមរាបនឹងចេញជារូបរាងផ្លូវការនៅឆ្នាំ២០២៥

សៀមរាប៖ គម្រោងវិនិយោគបេតិកភ័ណ្ឌបែបទំនើប​ (សារមន្ទីរឌីជីថល​ 3D) ដែលសាងសង់ដោយ ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក របស់កម្ពុជា សហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង នឹងចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងខាងលើនេះ ត្រូវបានបង្ហាញ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាង លោក  ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប  និង ​លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីពេលថ្មីៗនេះ  ។

ក្នុងជំនួបពិភាក្សានេះ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក បានលើកឡើងថា គម្រោង​វិនិយោគបេតិក​ភណ្ឌបែបទំនើបនេះ មានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយក្នុងប្រទេសបារាំង ដែលនឹងចេញជារូបរាងផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានេះ​ លោក​ អភិបាលខេត្ត បាន​សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងលើគម្រោងវិនិយោគនេះ ហើយបានធ្វើការគាំទ្រ​ ព្រមទាំងសង្ឃឹមថាគម្រោងនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក​ ក្នុងពេលឆាប់ៗនេះ​៕