ខេត្តចំនួន៤ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ ផ្នែកកសិកម្ម

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកិសកម្មរុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា សម្រាប់វិស័យកសិកម្ម ដែលជាជង្រុកនៃកសិផលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបម្រើឱ្យទាំងតម្រូវការសន្តិសុខស្បៀងនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ បានថ្លែងថា ដឹងទេថា មានខេត្តចំនួន៤ នាប៉ែកពាយ័ព្យ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់វិស័យកសិកម្មរបស់កម្ពុជា។

លោកបញ្ជាក់ថា «ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន គឺជាជង្រុកនៃកសិកផលយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបម្រើឱ្យទាំងតម្រូវការសន្តិសុខស្បៀងនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោក។ តំបន់នេះត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា ដែលជាប៉ូលកសិកម្ម និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើម«ច្រករបៀងមច្ឆានិងអង្ករ»។

ជាមួយគ្នានោះ អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់មួយភាគបី(៣៤,៥%)នៃកសិកម្មកម្ពុជាទាំងមូលត្រូវបានផលិតចេញពីខេត្តទាំង៤នេះ ក្នុងនោះ៖ ៩៧%នៃផ្លែក្រូច ៩០%នៃផ្លែមៀន ៧៦%នៃដំណាំពោត សុទ្ធតែចេញពីតំបន់ទាំងនេះ។ជាងនេះទៅទៀត ជាងមួយភាគបួននៃដំណាំស្រូវ ផ្លែទុរេន និងផ្លែប៊ឺ ក៏ត្រូវបានផលិតចេញពីទីនេះផងដែរ៕