ឆ្នាំ ២០២៣ កម្ពុជានាំចេញអង្ករប្រមាណជា ១៥០០០ តោន ទៅឥណ្ឌូនេស៊ី

កំពង់ស្ពឺ៖ ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីក្នុងការនាំចេញអង្កររបស់កម្ពុជា ដែលថ្មីៗនេះ កម្ពុជាទើបបាននាំចេញអង្ករប្រមាណជា ១៥០០០ តោន នៅក្នុងឆ្នាំ២០២៣។ នេះ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣  ។

ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសឥណ្ឌេស៊ីបន្ថែមទៅលោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា  នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមអមដំណើរលោក   Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងការទស្សនៈកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។

បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា គឺមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសម្ថភាពកិនកែច្នៃ និងឆ្លើយតបទៅបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយចំណែកឯសមត្ថភាពកិនកែច្នៃវិញមានចំនួន ១២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២០០០តោនក្នុងមួយថ្ងៃ។

លើសពីនេះ រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួន ២ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់រោងចក្រកិនស្រូវនៅកម្ពុជាទាំងអស់ ក្នុងការកិនកែច្នៃ និងផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ៕