ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា កម្ពុជាបាននិងកំពុងជំរុញ ការនាំចេញកសិផលកម្ពុជា ឱ្យបានច្រើន ទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងជំនួបជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជាកាលពីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងវត្តមានអង្ករកម្ពុជា មាននៅលើទីផ្សារឥណ្ឌូនេស៊ី ដើម្បីធានាបាននូវសន្តិសុខស្បៀង។
ជាមួយគ្នានោះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាកំពុងជំរុញការនាំចេញកសិផលកម្ពុជាឲ្យបានច្រើនទៅលើទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព និងតម្លៃន្ថែមខ្ពស់។
លោកបន្ថែមថា ទន្ទឹមនឹងនេះដែរ កម្ពុជាបានបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគនៅក្នុងខ្សែច្រវាក់ផលិតកម្ម ពិសេសនៅកម្រិត Upstream លើការកែច្នៃ វេចខ្ចប់ អង្ករសម្រាប់នាំចេញផ្ទាល់ទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ។
លើសពីនេះទៀត លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា ក្រៅពីអង្ករ កម្ពុជានៅមានផលិតផលសក្តានុពលជាច្រើនទៀត ដូចជាស្វាយចន្ទី ម្រេច និងវារីវប្បកម្មទឹកសាបផងដែរ៕