ភ្នំពេញ៖ កម្ពុជា-សាធារណរដ្ឋឆែក បានឯកភាពគ្នាជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបរវាងលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួងការបរទេស។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងកម្ពុជា និងសាធារណរដ្ឋឆែក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយ និងការគាំទ្រដល់កម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា រួមមានវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត។
លើសពីនេះទៀត «ភាគីទាំងពីរបានឯកភាពជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមករវាងប្រទេសទាំងពីរ»៕