ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចុះហត្ថលេខាលើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពី “ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Double Taxation Agreement-DTA)” ។
“ពិធីសារទី ២” នេះ ត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី ។
គោលបំណងនៃការរៀបចំឱ្យមាន “ពិធីសារទី ២” នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS) ។
គួរបញ្ជាក់ផងដែរថា “កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី” ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ ៕