រដ្ឋមន្រ្តីកសិកម្ម ណែនាំ EU-ASEAN Business Council ឱ្យសហការជាមួយអគ្គនាកដ្ឋានជំនាញសិក្សានាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប

ភ្នំពេញ៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំ EU-ASEAN Business Council សហការជាមួយអគ្គនាកដ្ឋានជំនាញសិក្សា និងស្វែងយល់បន្ថែម ក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារសហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្ម ដែលមានសក្តានុពលផ្សេងៗទៀត។ការថ្លែងបែបនេះ ក្នុងជំនួបរវាងលោក ជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោកឌិត ទីណា បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានោះលោក បានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។

លោកឌិត ទីណា បញ្ជាក់ថា កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦.៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។

នៅក្នុងវិស័យកសិកម្ម លោករដ្ឋមន្ត្រី បានសង្កត់ថា កម្ពុជាបានផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ជាអាទិ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម។

លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគម្រូថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាពតាមស្តង់ដាគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត។

ស្របពេលជាមួយគ្នានោះ លោកឌិត ទីណា «បានណែនាំឱ្យភាគីដៃគូ សហការជាមួយអគ្គនាកដ្ឋានជំនាញសិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត»៕