លោក ជាវ វិជ្ជាក់ ៖បច្ចុប្បន្ន រដ្ឋបាលខេត្ត កំពុងខិតខំ ប្រែក្លាយខេត្តឱ្យទៅជា ទីក្រុងប្រកួតប្រជែងសកលលោក ទាក់ទាញវិនិយោគបរទេស

ព្រះសីហនុ៖លោកជាវ វិជ្ជាក់  អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តព្រះសីហនុបានចូលរួមយ៉ាងសកម្ម ក្នុងការជួយ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលបំណងប្រែក្លាយខេត្តព្រះសីហនុ ទៅជា ទីក្រុងប្រកួតប្រជែងសកលលោក មានភាពរីកចម្រើន និងពហុវប្បធម៌ តាមរយៈការទាក់ទាញការវិនិយោគពីបរទេសក៏ដូចជាភ្ញៀវទេសចរ។

ក្នុងសិក្ខាសាលា ស្តីពីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាននៃបណ្តាប្រទេសអនុតំបន់ទន្លេមេង្គក្នុងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ក្រោមប្រធានបទ “ទន្លេរួម និងអនាគតរួម” នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជាវ វិជ្ជាក់ បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរដ៏ប្រណិត ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើនត្រូវបានសាងសង់។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតដែលត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុបានចូលរួមយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញពី គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់ លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម។ ផែនការនេះ មានគោលបំណងប្រែក្លាយខេត្តព្រះសីហនុ ទៅជា ទីក្រុងប្រកួតប្រជែងសកលលោក មានភាពរីកចម្រើន និងពហុវប្បធម៌ តាមរយៈការទាក់ទាញការវិនិយោគពីបរទេស ក៏ដូចជាភ្ញៀវទេសចរ»។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បន្ថែមថា ក្រោមដំបូលនៃសន្តិភាព ក្នុងរយៈពេលជិត៤ឆ្នាំចុងក្រោយខេត្តព្រះសីហនុ សម្រេចបានសមិទ្ធផលចំបងៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងកសាងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមារួមមាន រង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» សួនទីលានតេជោ និងការ រៀបចំស្តង់ដារអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រសាធារណៈដែលរក្សាបាននូវ សន្តិសុខ អនាម័យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។

លើសពីនេះទៀត លោកជាវ វិជ្ជាក់  បានសង្កត់ធ្ងន់ថា ក្រៅពីសមិទ្ធផលខាងលើ ខេត្តព្រះសីហនុក៏មានកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននំាភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាង ច្រើនកុះករ ផ្លូវដែក តំបន់សេដ្ឋកិច្ចពិសេស ទីលានទុកដាក់សំរាម ដែលមានលក្ខណៈស្តង់ដារ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែបផងដែរ៕