អបអរសាទរអ្នកកំពង់ស្ពឺ! រោងចក្រ សហគ្រាស ចំនួន ២៥ សន្យាទៅបង្កើតនៅក្នុងខេត្តកំពង់ស្ពឺ

ពីប្រទេសចិន៖ លោក វ៉ី សំណាង អភីបាលខេត្តកំពង់ស្ពឺ បាន ឱ្យដឹងថា រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែង។

ការឱ្យដឹងពីលោក វ៉ី សំណាង ធ្វើឡើង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលលោក បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និង ពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូដឹកនាំដោយ លោក វ៉ី សំណាង បានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម :

១- សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។

លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០កន្លែង។

២- សួនឧស្សាហ៍កម្ម ហុង អ៉ី (មាន ៦ រោងចក្រ សហគ្រាស) ដែលមាន រោងចក្រ សហគ្រាស ចំនួន ៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង)។

៣- សួនឧស្សាហកម្ម ហ្វីចូវ (មាន ៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់) សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់៕