ក្រសួងកសិកម្ម ៖ កសិករមិនគួរប្រថុយដាំស្រូវដើមរដូវវស្សាទេ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។

ក្រសួងកសិកម្ម លើកឡើងបែបនេះក្រោយពីក្រសួងធនធាន ទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កសិករត្រូវត្រៀមបង្ការ និងឆ្លើយតប តាមរយៈការលើកទប់ និងថែទាំភ្លឺស្រែឲ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។

ក្រសួង បញ្ជាក់ទៀតថា «សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា (ប្រភេទពូជស្រូវស្រាល) កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា»។

ក្រសួង បន្ដថា សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្តាលប្រកាន់រដូវ ដូចជា៖ ពូជស្រូវផ្ការំដួល និងប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។ កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ។

លើសពីនេះ ក្រសួងកសិកម្ម ក៏បានណែនាំដល់កសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុក ស្រោចស្រពក្នុងពេលរាំងស្ងួត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ដើម្បីចុះត្រួតពិនិត្យប្រភពទឹក វាយតម្លៃផ្ទៃដីដាំដុះដែលអាចមានលទ្ធភាព ស្រោចស្រព និងសម្របសម្រួលបែងចែកការប្រើប្រាស់ទឹក ព្រមទាំងការផ្ដល់បច្ចេកទេសផលិតកម្ម ដំណាំតាមបែបទំនើបបន្សំនឹងការប្រែប្រួលអាកាសធាតុ៕