ភ្នំពេញ៖ ក្នុងខៃ កុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦,៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨,៦០ លានដុល្លារ) ស្មើនឹង ៦,៦៨%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះ បើតាមរបាយការណ៍របស់អគ្គនាយករដ្ឋានពន្ធដានៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។
របាយការណ៍នេះបន្តថាប្រៀបធៀបនឹងចំណូល ពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥៩,២៩ ប៊ីលានរៀល (ប្រមាណជា ១៤,៦៤ លានដុល្លារ) ស្មើនឹង ៦,៥៤%។
បើតាមរបាយការណ៍ដដែល សរុបរយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ២ ១៨៣,៨៩ ប៊ីលានរៀល (ប្រមាណជា ៥៣៩,២៣ លានដុល្លារ) ស្មើនឹង ១៥,១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ១០៩,៣៣ ប៊ីលានរៀល (ប្រមាណជា ២៧,០០ លានដុល្លា) ស្មើនឹង ៥,២៧%។
លើសពីនេះ សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩% អាករលើតម្លៃបន្ថែម ៨,៩៣% និងពន្ធលើប្រាក់បៀវត្ស ១១,0១%៕