ព្រះសីហនុ៖ កម្ពុជា-ជប៉ុនដាក់សម្ពោធឱ្យដំណើការជាផ្លូវការ ឃ្លាំង CFS ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) នៅតំបន់សេដ្ឋកិច្ចពិសេសពិសេសក្រុងព្រះសីហនុ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។
លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្លែងងពិធីសម្ពោធដាក់ ឱ្យដំណើការនៅថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២៣ ឱ្យដឹងថា ស្ថានីយស្តុបទំនិញកុងតឺន័រ CFS ជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងយោងតាមស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពបន្ថែមនៃតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ។
លោកបន្តថា ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងសហការក្នុងកម្រិតអតិបរមា ដើម្បីធ្វើឱ្យកំពង់ផែស្វយ័តព្រះសីហនុមានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏ដូចជានៅក្នុងតំបន់មេគង្គទាំងមូល។ លើសពីនេះ ក៏មានសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ AEON ជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក សង្ឃឹមថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងថា ប្រទេសជប៉ុន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យមានដូចជា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិស័យជាច្រើនទៀត។
លោកបន្តថា ជាពិសេសកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នា ដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិត « ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ » ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំង២ នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសប្រតិបត្តិការលើវិស័យថ្មីៗបន្ថែមទៀត។
លោក បញ្ជាក់ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងនោះ៖ ក.ផ្នែកទន់មានដូចជា៖ គម្រោងអភិវឌ្ឍន៍សមត្ថភាពកំពង់ផែ តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍រវាងជប៉ុន កម្ពុជា (ការបញ្ជូនអ្នកបច្ចេកទេសមកកំពង់ផែ និងការបញ្ជូនបុគ្គលិកទៅផ្លាស់ប្តូរបទពិសោធន៍នៅជប៉ុន) ការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស ប្រព័ន្ធប្រតិបត្តិការទីលានកុងតឺន័រ CMTS ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក Port EDI -ល-។
ខ.ផ្នែករឹង ទទួលបានកម្ចីសម្បទានជប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង 400 ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំងទៅជាផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។
លោកថ្លែងថា៖ «ទន្ទឹមនឹងនេះ យើងក៏ទទួលបានហិរញ្ញប្បទានឥតសំណងជាក់ស្តែង គឺសំណង់ឃ្លាំង CFS ដែលដាក់សម្ពោធឱ្យដំណើរការនាថ្ងៃនេះ ហើយនៅពេលឆាប់ៗខាងមុខនេះ កំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ២គ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ខេត្តព្រះសីហនុបានទទួល អំណោយជារថយន្តពន្លត់អគ្គិភ័យជណ្តើរវែងប្រវែង ៣៥ម៉ែត្រ ចំនួន 1គ្រឿង ពីឯកឧត្តម តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Hikari Car Service Co., LTD»៕ ដោយ៖ ពុទ្ធិពល