ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២២ ដោយផ្អែកលើការ គណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១១ ក្នុងតម្លៃ ៨,៧៨% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង ៨,៣៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ១៤ ខែកុម្ភៈនេះ ឱ្យដឹងថា អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើ អត្ថប្រយោជន៍បន្ថែមលើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចី និងក្នុងគោលគោលដៅកម្រិតងត្រាប្រាក់លើការខ្ចី ពីបុគ្គលទាក់ទិនតែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមថា គ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ការកំណត់អត្រាការប្រាក់ខាងលើនេះ ដោយ អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី ៣ ប្រការ ១៥ នៃប្រកាសលេខ ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២១ ស្តីពីពន្ធលើប្រាក់បៀវត្ស សេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ស្ដីពី ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្ដល់ប្រាក់កម្ចីដល់និយោជិត និងសេចក្តីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន៕ ដោយ៖ ពុទ្ធិពល