ភ្នំពេញ៖ លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខដ៏ខ្លី មានទូកង សរុបចំនួន ៣៣៨ នឹងចូលរួមប្រកួតប្រណាំង ព្រមទាំងប្រទីបសរុបចំនួន៣០ ដែលនឹងបង្ហាញខ្លួនក្នុងព្រះរាជពិធីនេះ។
ក្នុងកិច្ចប្រជុំពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ លោក ឈិន កេតនា បានលើកឡើងពីការងារចំពោះមុខ ដែលគ្រប់អនុគណៈកម្មការ គណៈលេខាអចិន្ត្រៃយ៍ និងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។
ជាមួយគ្នានោះលោកឈិន កេតនា បានបញ្ជាក់ថា «ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ហើយក្នុងនោះមានទូកសរុបចំនួន ៣៣៨ នឹងចូលរួមប្រកួត ព្រមទាំងប្រទីបចំនួន៣០ ក៏នឹងបង្ហាញខ្លួនក្នុងព្រះរាជពិធីផងដែរ»។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាស.វទី១២ ក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី ៧ បានប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មហោឡារិកនិងអធិកអធ័មជាទីបំផុត ហើយព្រះរាជពិធីបុណ្យនេះជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមពិធីបុណ្យផ្សេងៗ នៅកម្ពុជា ៕