សៀមរាប៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម កំពុងផ្ទុះការរិះគន់ លើវីដេអូខ្លីមួយរបស់ស្រ្តីម្នាក់ដែលបានផ្សព្វផ្សាយតាមទីកទុក ដោយសម្តែងនៅតំបន់ប្រាសាទអង្គរវត្តកម្ពុជា ហើយនាងស្លៀកសម្លៀកបំពាក់បែបថៃ ជាពិសេសមហាជនប្រតិកម្មខ្លាំង ត្រង់ថា វីដេអូនេះ ដាក់សាច់ភ្លេងថៃ ដាក់រូបភាពបន្ថែមពីលើប្រាសាទអង្គរវត្ត គឺដាក់រូបទងជាតិថៃ និងស្តេចថៃទំាងស្តេចចាស់ និងស្តេចថ្មី ទៅវិញ ពេលនេះអាជ្ញាធរជាតិអប្សរា បានចេញមកប្រតិកម្មហើយ ចំពោះករណីនេះ និងសូមអភ័យទោស ដល់សាធារណជនចំពោះការខ្វះខាតមួយចំនួន ដែលបានកើតមានឡើងជាយថាហេតុ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា ថ្មីៗនេះមានការចែក រំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់ តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ ជូននូវករណីនេះមួយចំនួនរួមមាន៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ឆ្នៃប្រឌិត ជាមួយនឹងសម្ភារៈមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារៈមួយចំនួនមក ភ្នាក់ងារ ទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំង ក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសម្លេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។
ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំ ក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា «សូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត»។
ក្នុងឱកាសនោះ អាជ្ញាធរជាតិអប្សរា ក៏សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិ ទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ៕