ប្រកាស មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ថោះ បញ្ចស័ក

ភ្នំពេញ៖ ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីនៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។ នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះ សង្ក្រាន្តចូលមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល។ នោះព្រះអាទិត្យចរចេញពីមីនរាសី ទៅស្ថិតនៅមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា

•ព្រះនាម កិមិរាទេវី (បុត្រទី៦) គង់នៅចាតុម្មហារាជិកា
•ទ្រង់អម្ពរពណ៌ សេត(ពណ៌ស)
•សៀត ផ្កាចង្កុលណី (វារីជាតិប្រភេទឈូក)
•អាភរណៈ បុស្បរាគ័ម (ត្បូងថ្មពណ៌លឿង)
•ភក្សាហារ ចេកណាំវ៉ា ឬចេកទឹក
•ព្រះហស្ត ស្ដាំទ្រង់ព្រះខ័ន
•ព្រះហស្ត ឆ្វេងទ្រង់ ពិណ(ចាបុី)
•គង់លើខ្នង មាហឹស: (សត្វក្របី) ជាពាហនៈ ។

នាំអោយពួកទេពនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវឈ្មោះ គន្ធមាលី នាទីភ្នំកៃលាស់ ខេត្តហេមពាន្ត ដែលប្រតិស្ថានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញទើបប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជុំក្សេមក្សាន្តព្រះរាជហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភាដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្តី ជន្មាយុយឺនយូរតរៀងទៅ។

ថ្ងៃសុក្រ ៩រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៤ខែមេសាឆ្នាំ ២០២៣ ពីវេលាម៉ោង ១៦:០០នាទីរសៀល ជាមហាសង្ក្រាន្តឆ្នាំថ្មី

ថ្ងៃសៅរ៍ ១០ រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៣ជាថ្ងៃវ័នបត

ថ្ងៃអាទិត្យ ១១រោច រនោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៣ ជាថ្ងៃឡើងស័ក
គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំ ថោះ បញ្ចស័ក តរៀងទៅ៕