ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានសម្ដែងការសោកស្ដាយចំពោះបុគ្គលល្បីឈ្មោះម្នាក់ ជាអ្នកលេងបណ្តាញសង្គមដែលបានប្រើសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ មកលើស្ត្រី ជាអ្នកសារព័ត៌មានរបស់វិទ្យុVOD។
នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។
ករណីនេះ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបង្ហាញអារម្មណ៍ថា “សូមសំដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។ ក្រសួងកិច្ចការនារី សូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូមប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់” ។
ក្រសួងកិច្ចការនារី ក៏បានថ្លែងអំណរគុណចំពោះសាធារណជនដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀត ។
សូមបញ្ជាក់ថា ថ្មីៗនេះ លោក ផែង វណ្ណៈដែលគេដឹងថា ជាបុគ្គលម្នាក់មានឈ្មោះល្បីល្បាញ់ខាងលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បាននិយាយស្តីមាក់ងាយឲ្យស្រ្តីម្នាក់ជាអ្នកកាសែតវិទ្យុVOD យ៉ាងចាស់ដៃ ធ្វើឲ្យមានប្រតិកម្មជាច្រើនពីមហាជន៕ ដោយ៖ រិន ចំរើន