ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជានគរបាលស្វែងរកអ្នកលេងហ្វេសប៊ុកម្នាក់មានអខោនឈ្មោះ «Ver To» ក្រោយបញ្ចេញខំមិនដោយប្រើពាក្យមិនសមរម្យដាក់សម្ដេច។
ការលើកឡើងបែបនេះ របស់សម្តេចបន្ទាប់ពីសម្ដេច បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ពីប្រទេសម៉ាល់ឌីវមកថា «ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប» ក៏មានហ្វេសប៊ុកមួយឈ្មោះ Ver To បានចូលខំមិនថា «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។
ភ្លាមៗនោះ សម្ដេចតេជោ ក៏បានតបខំមិនវិញថា «នេះជាសំដីមនុស្សពាល សូមនគរបាលស្វែងរកបន្ទាន់ តើវានៅឯណា?»។
សូមរំលឹកថា កាលពីថ្ងៃទី១៥ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥-១៧ មករា បន្ទាប់ពីតបតាមការអញ្ជើញរបស់ លោក អ៉ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ៕ ដោយ៖ រិន ចំរើន