បក្សភ្លើងទៀនអំពាវនាវ ឱ្យបញ្ឈប់បំភិតបំភ័យ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំ និង សកម្មជនខ្លួន

ភ្នំពេញ៖ គណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍ អំពាវនាវ ឱ្យបញ្ឈប់បំភិតបំភ័យ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំ និង សកម្មជនរបស់គណបក្សខ្លួន ក្រោយពី បានសង្កេតឃើញថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះ មានចលនានៃការបំភិតបំភ័យ និងការគំរាមកំហែងពី សំណាក់អ្នកមានអំណាច ជាបន្តបន្ទាប់។

សេចក្តីថ្លែងការណ៍នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២នេះ បញ្ជាក់ថា ការបំភិតបំភ័យ ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ខិតបង្ខំ ឬរឹបអូស យកទ្រព្យសម្បត្តិ ការប្តឹងទាមទារសំណងឲ្យសងខុសប្រក្រតី មកលើថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន គឺជា ការគាបសង្កត់ផ្នែកនយោបាយ និងជាការបំបាក់ស្មារតី និងបង្កបរិយាកាសភ័យខ្លាច ដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។ សកម្មភាពបែបនេះ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ បរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្ស ភ្លើងទៀន មិនអាចទទួលយកបាន។

គណបក្ស ភ្លើងទៀន បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់បញ្ឈប់នូវរាល់ការគំរាមកំហែងតាមគ្រប់រូបភាពមកលើគណបក្ស ភ្លើងទៀន និងសង្គមស៊ីវិលនានា ដើម្បី បង្កបរិយាកាសល្អប្រសើរ ធានាដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះដែរ គណបក្ស ភ្លើងទៀន ស្នើសុំឲ្យមានការជជែកគ្នា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងការប្រកួតប្រជែងទៅលើ គោលនយោបាយនៃគណបក្សនយោបាយនីមួយៗ តាមបែបប្រជាធិបតេយ្យសេរីទំនើប ប្រសើរជាងការគំរាម កំហែងតាមរូបភាពផ្សេងៗ។

គណបក្សភ្លើងទៀន បញ្ជាក់ជូនជាឱឡារឹកថា គណបក្សភ្លើងទៀន នឹងពិចារណា ឡើងវិញ អំពីលទ្ធភាពនៃការចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅត បន្តកើតមានធ្ងន់ធ្ងរមកលើគណបក្ស ភ្លើងទៀន ៕ ដោយ៖ ពុទ្ធិពល