សម្តេចតេជោ ៖ ជនណា ឬបក្សណាបម្រើនយោបាយជ្រុលនិយមឲ្យទណ្ឌិតក្បត់ជាតិត្រូវកែប្រែខ្លួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានទៅគណបក្សនយោបាយ ឬអ្នកណាមួយដែលបម្រើនយោបាយជ្រុលនិយមឲ្យទណ្ឌិតក្បត់ជាតិត្រូវកែប្រែជាបន្ទាន់ បើមិនភ្ញាក់រលឹកទេ នឹងប្រឈមផ្លូវច្បាប់។

ក្នុងឱកាសអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃ៧ មករា សម្តេចតេជោ បានផ្ដាំផ្ញើជនរួមជាតិទាំងអស់រួមគ្នាកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេស ឲ្យអស់ពីសង្គមជាតិដើម្បីធានាថា កម្ពុជាគ្មានសង្គ្រាម និងការបែកបាក់ជាតិ។

ជាមួយនឹងការផ្ញើសារនេះ សម្ដេចតេជោ ក៏បានព្រមានថា “ជនណា ឬគណបក្សនយោបាយណាដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេលវេលា បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន”។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាបន្ដថែរក្សា សមិទ្ធផល និងសន្ដិភាព ឲ្យបានគង់វង្ស ព្រមទាំងរឹងមាំគ្រប់កាលៈទេសៈ។

សម្ដេចតេជោ បន្ថែមថា ការលើកកម្ពស់ជីវភាពប្រជាជនគឺជាគោលបំណងជាសារវន្តរបស់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការជំរុញអនុវត្តប្រកបដោយប្រសិទ្ធផលនូវរាល់គោលនយោបាយ និងវិធានការនានាក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕ ដោយ៖ រិន ចំរើន