ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយកឱកាសនៃការប្រារព្ធទិវា៧មករា ថា កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់បទដ្ឋាន ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាម កំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។
ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្នដែលបណ្តាលមកពីការ ប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗ បានធ្វើឲ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុល ភាព ជាសាកលនោះ សម្ដេចបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសដ៏សកម្មមួយ នៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។
សម្តេចតេជោបញ្ជាក់ថា «កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ»។
ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាបានជួបមកហើយនោះ សម្ដេច យល់ឃើញថា សង្គ្រាមមិនអាចបញ្ចប់ដោយ សង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបានសន្តិភាព ប្រកបដោយចីរភាព៕ ដោយ៖ រិន ចំរើន