ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស បញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដោយសារពិនិត្យឃើញថាលទ្ធប្រឡងបាក់ឌុប មិនមានការប្រែប្រួលនោះឡើយ។
ស្របពេលបញ្ចប់ការដោះស្រាយបណ្តឹងហើយ ក្រសួងក៏ប្រកាសឈប់ទទួលបណ្តឹងពីបេក្ខជន ឬអាណាព្យាបាលផងដែរ។
ការដោះស្រាយបណ្តឹងនេះ បន្ទាប់ពីបេក្ខជន និងអាណាព្យាបាលជាង៣០នាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងភ្លាម ក្រោយបិទលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃ៥ ធ្នូ ២០២២ ហើយពួកគេមិនព្រមទទួលយក។
យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំ នាថ្ងៃទី៤ មករា នេះ បានឲ្យដឹងថាឆ្លើយតបចំពោះសំណូមពរនឹងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការជឿទុកចិត្ត។ ក្រោយពីបានបញ្ចប់ការពិនិត្យ រកឃើញថា លទ្ធផលនៃការប្រឡង មិនមានការប្រែប្រួលនោះទេ។
ក្រសួងបញ្ជាក់ថា «សូមប្រកាសបញ្ចប់ការ ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្ដីប្រកាស ព័ត៌មាននេះតទៅ»។
ចំពោះសិស្សប្រឡងធ្លាក់ ក្រសួង ក៏បានផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀន សូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូបចងចាំថា «ការព្យាយាមគង់បានសម្រេចដូចបំណង»។
សូមរំលឹកថា លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២២ បាន ប្រកាសនាថ្ងៃ២២ ធ្នូ ដោយមានបេក្ខជនប្រឡងជាប់ចំនួន៩០ ៩៥០នាក់ ក្នុងចំណោម បេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨ ១៣៥នាក់។ ក្នុងចំណោមទាំង៩០ ៩៥០នាក់ មានបេក្ខជនជាប់និទ្ទេស A ១០៤៩នាក់ , និទ្ទេស B ៧២៣២នាក់ , និទ្ទេស C ១៩០៥៣នាក់ , និទ្ទេស D ៣១ ១៦៦នាក់ និងនិទ្ទេស E ៣២ ៤៥០នាក់៕ ដោយ៖ រិន ចំរើន