លោក នេត សាវឿន ឱ្យប៉ុស្តិ៍នគរបាលត្រូវកែប្រែឥរិយាបថ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល។

ការឲ្យកែប្រែនេះ ដោយសារកន្លងមក ប៉ុស្តិ៍នគរបាលហាក់ព្រងើយកន្តើយ រឿងផ្តល់លេខទំនាក់ទំនងទៅពលរដ្ឋ។

ពីក្នុងពិធីប្រកាសតែងតាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី៣ មករា នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងនៅក្នុងករណីមានបញ្ហាកើតឡើង ឬពួកគាត់មានត្រូវការជំនួយណាមួយពីសមត្ថកិច្ច។

នាយឧត្តមសេនីយ៍បញ្ជាក់ថា «មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាលតែម្តង»។

ចំពោះកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមានការខ្វះខាត នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំឲ្យបញ្ជូនកម្លាំងពីស្រុក ឬពីខេត្ត ទៅជួយក្នុងរយៈពេលវែង ឬរយៈពេលខ្លីសមស្របណាមួយ ដើម្បីជួយធានាដល់ការបម្រើប្រជាពលរដ្ឋ ប៉ុន្ដែហាមដាច់ខាតការផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ទៅស្រុក ឬខេត្ត ព្រោះកម្លាំងនៅប៉ុស្ដិ៍នគរបាលជាកម្លាំងមួយដ៏សំខាន់។

ការងារខាងលើនេះ ត្រូវបាននាយឧត្តមសេនីយ៍ ប្រាប់ទៅកាន់អធិការក្រុង ស្រុក និងស្នងការខេត្ត ត្រូវចាត់ ចែងជាបន្ទាន់៕ ដោយ៖ រិន ចំរើន