ភំ្នពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-អូស្ត្រាលី បាននិងកំពុងដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និយាយបែបនេះ ក្នុងឱកាសទទួលជួបលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុនបញ្ចប់ការទូតនៅកម្ពុជា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែ សកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស។
មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ លោកទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កា ជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ៣ ឆ្នាំកន្លងមកនេះ ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ជាពិសេសការឧបត្ថម្ភគាំទ្រគ្នា នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកទូតក៏បានសម្តែងនូវ ការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើន ដ៏ឆាប់រហ័សលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិតកងទ័ពជើងនៃ កងយោធពលខេមរភូមិន្ទ៕ ដោយ៖ រិន ចំរើន