ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានជាង៦សែនតោន និងនាំចេញស្រូវបានជាង៣លានតោន គិតជាទឹកប្រាក់សរុបបានចំនួនជាង១ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ នៃឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបបានចំនួនជាង ១ ២៥៥ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣ ០ តោន ឬស្មើនឹង ៤៥%។

ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ប្រទេសសមាជិកអាស៊ានចំនួន៤បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាម៉េរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន ២៧ ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមាន តម្លៃសរុបចំនួន ៤១៨.២៩ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិតបានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤%អង្ករសែនក្រអូប បានចំនួន ១៧៩០៧០តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។

សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣៤៧៧ ៨៨៦ តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក៕ ដោយ៖ គង់ សេដ្ឋាមុនី