សម្តេចតេជោ៖ ពលរដ្ឋនឹងបោះឆ្នោតឲ្យបក្សប្រជាជន ខណៈអ្នកខ្លះប្រើពាក្យដូរ តែមកដល់ពេលនេះ៥ឆ្នាំហើយ នៅតែគ្មានលទ្ធភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្ដីសង្ឃឹមទុកជាមុនថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីដឹកនាំកម្ពុជាទៀត។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា «គណបក្សប្រជាជនកម្ពុជាសង្ឃឹមថា ប្រជាជនកម្ពុជា នឹងបោះឆ្នោតគាំទ្រគណបក្ស នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។

សម្តេចតេជោបន្តថា ដោយសារប្រជាជនពេញចិត្ត និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបធ្វើឲ្យគណបក្សបានដឹកនាំរាជរដ្ឋាភិបាលជាង៤០ឆ្នាំមកនេះដោយមានការអភិវឌ្ឍជាបន្តបន្ទាប់ ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានឡកឡឺយទៅអ្នកប្រឆាំងចំពោះការឃោសនាបោះកន្លងមកដែល ប្រើពាក្យថា «ដូរ» តែរហូតមកដល់ពេលនេះ៥ឆ្នាំហើយនៅតែមិនទាន់ឃើញដូរបានឡើយ។ ការនិយាយពាក្យដូរនេះ នៅតែមានអ្នកខ្លះនិយាយទៀត តែគ្មានលទ្ធភាពនោះទេ៕ ដោយ៖ រិន ចំរើន