ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ថ្នាក់ដឹកនាំ នៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលកំពុងប្រើប្រាស់មន្ត្រី ជាប់កិច្ចសន្យាត្រូវ មកចុះបញ្ជី និងបង់ភាគទាន មក ប.ស.ស. ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា កន្លងមកក្រសួងបានសង្កេតឃើញនៅតាមបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាដែលមិនមានការទទួល ស្គាល់ពីក្រសួងមុខងារសាធារណៈ ហើយមន្ត្រីជាប់កិច្ចសន្យាទាំងនោះពុំទាន់ទទួលបានអត្ថប្រយោជន៍របប សន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឡើយ។
ក្នុងន័យនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ជូនដំណឹងដល់ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងប្រើប្រាស់មន្ត្រី ជាប់កិច្ចសន្យាដូចបានរៀបរាប់ខាងលើ ត្រូវបញ្ជូនមន្ត្រីជាប់កិច្ចសន្យាទាំងនោះមកចុះបញ្ជី និងបង់ភាគទាន មក ប.ស.ស. ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គមស្រប តាមបទប្បញ្ញត្តិជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវ ៕ ដោយ៖ ពុទ្ធិពល