សម្ដេចតេជោ ៖ ឆ្នាំ២០២២ កម្ពុជា ប្រមូលចំណូលសារពើពន្ធជាង៦ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២កន្លងផុតទៅ២ថ្ងៃមកនេះ គឺកម្ពុជាប្រមូលចំណូលសារពើពន្ធ ពីផ្នែកពន្ធដារ និងគយ ចំនួន៦១៤៥លានដុល្លារ ខណៈសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្នុងអត្រា៥.៥% ។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលប្រជាមានិតចិន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានរំពឹងទុកថា ក្រោយទទួលចំណូលពន្ធដ៏ច្រើននាឆ្នាំ២០២២ហើយ ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងមានអតិរេកថវិកាចរន្តបន្តទៀត ប្រសិនបើទេសចរចិនមកកម្ពុជាកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។

សម្ដេចតេជោបញ្ជាក់ថា «ឥឡូវសេដ្ឋកិច្ចកំពុងងើបជាមួយនឹងអត្រា ៥.៥% ឆ្នាំនេះ (ឆ្នាំ២០២២) នឹងជាមួយថវិកាជាតិដែលប្រមូលបាន រហូតទៅដល់១២៧% ជាមួយនឹងប្រាក់ចំណូលផ្នែកគយ ២៦៩០លានដុល្លារ ស្មើនឹង១០៤.៩៤% ។ ឯផ្នែកពន្ធដារ ៣៤៥៥លានដុល្លារ ស្មើនឹង១២២.៥៤% ។ បូកសរុបយើងប្រមូលបានចំណូលសារពើពន្ធទាំងគយ និងពន្ធដារ ៦១៤៥លានដុល្លារ ដោយមិនទាន់គិតចំណូលមិនមែនសារពើពន្ធ អាចនិយាយបានថាកម្ពុជាបានត្រឡប់មកមាន អតិរេកថវិកាចរន្តសារជាថ្មី បន្ទាប់ពីកូវីដ-១៩ ដែលយើងចំណាយច្រើនជាងចំណូល»។

សម្ដេចតេជោថា ពេលមានកូវីដ-១៩ ចំណូលកម្ពុជាធ្លាក់ចុះ តែចំណាយកើនឡើង ។ ប៉ុន្តែឥឡូវនេះកម្ពុជា បានចាប់ផ្ដើមជាមួយនឹងអតិរេកថវិកាចរន្តបន្ដទៀត៕ ដោយ៖ រិន​​ ចំរើន