លោក ហ៊ុន ម៉ានី កោតសរសើរ និងថ្លែងអំណរគុណ កងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី និងសហការី ក្នុងពេលជួបសំណេះសំណាល និងប្រគល់អំណោយជូនដល់បងប្អូនកងកម្លាំងប្រជាការពារនៃខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងឱកាសបំណាច់ឆ្នាំ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ានី ក៏បានរម្លឹកពីគុណបំណាច់ផ្សេងៗថា ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចុងក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែលបានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយជោគជ័យ៕ ដោយ៖ គង់ សេដ្ឋាមុនី