លោក នេត្រ ភក្ត្រា៖ ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវបង្កើនប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ដើម្បីប្រយោជន៍សង្គម និងមនុស្សជាតិ

កែប៖ «ប្រធានមន្ទីរបរិស្ថានថ្មីដែលទើ បត្រូវបានប្រកាសមុខតំ ណែងនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែបត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយ ចំណេះដឹងនិងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សង្គម និងមនុស្សជាតិ»។ នេះគឺជាគូសបញ្ជាក់របស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក្នុងឱកាសចូលរួមជាគណៈអធិបតីពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកែប។

លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ នៅក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានក្រើនរម្លឹក ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវធ្វើកិច្ចសហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឱ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។ «ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមូសភាពដឹកនាំបុគ្គល ទទួលខុសត្រូវ សុចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងវប្បធម៌ សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ ឧត្តមប្រយោជន៍ជាតិនិងប្រជាជន ត្រូវមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បី គ្រប់គ្រងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹង សំណល់រាវលើបរិស្ថានក្នុងខេត្ត និងគិតគូរសុខទុក្ខមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន។ បន្តយកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃអនាគត»៕ ដោយ៖ គង់ សេដ្ឋាមុនី