សម្តេច ទៀ បាញ់ ៖ពលរដ្ឋត្រូវរួមគ្នាប្ដូរផ្ដាច់ថែរក្សាសុខសន្ដិភាព និងដឹងគុណតម្លៃនយោបាយឈ្នះ ឈ្នះ

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ដឹងគុណតម្លៃទៅលើនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិ ហើយត្រូវរួមគ្នាប្ដូរផ្ដាច់ថែរក្សាឱ្យបានជាដាច់ខាត។

នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាចាប់ពីចុងឆ្នាំ១៩៩៨ ហើយនយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។

ក្នុងពិធីអបអរសាទរខួប២៤ឆ្នាំនៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ប្រជាពលរដ្ឋខ្មែរទាំងអស់គួរសិក្សាស្វែងយល់ ឱ្យបានជ្រួតជ្រាបពីនយោបាយ ឈ្នះ ឈ្នះ ជាពិសេសយុវជនជំនាន់ក្រោយៗ ព្រោះថាយើងបានចងក្រងជាសៀវភៅ រួមទាំងមានសិលាចារឹកនៅវិមានឈ្នះ ឈ្នះ ដើម្បីបានសិក្សារៀនសូត្រ»។

សម្តេច ទៀ បាញ់ក៏បានប្ដេជ្ញាការពារសុខសន្តិភាព មិនឱ្យប្រតិកិរិយាណាមួយបំផ្លាញជាដាច់ខាត ហើយអំពាវនាវឲ្យរួមគ្នាថែរក្សា ដើម្បីគុណប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍជារៀងរហូតទៅ។

សម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ថា តាមបណ្ដាខេត្តមួយចំនួនមានបំណងសាងសង់នូវស្ដូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដើម្បីរក្សាទុកស្នាដៃរបស់កងទ័ព និងសមិទ្ធផលផ្សេងៗ ដូចនេះត្រូវធ្វើតាមគំរូស្ដូបមានស្រាប់នៅខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិក៏បានស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមរៀបចំទុកដាក់វិមានឈ្នះ ឈ្នះ ឱ្យក្លាយជាបេតិកភណ្ឌជាតិ និងអន្តរជាតិតាមលក្ខណៈវិនិច្ឆ័យ និងស្នើដល់ក្រសួងអប់រំ យុវជន និងកីឡារៀបចំខ្លឹមសារបញ្ចូលក្នុងកម្មវិធីសិក្សា និងបង្រៀនដល់យុវជនឲ្យបានដឹងពីតំបន់ប្រវត្តិសាស្ត្រ យោធា ឱ្យបានទូលំទូលាយបន្ថែមទៀត ហើយរួមគ្នាឲឱ្យគុណតម្លៃទៅលើនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ៕ ដោយ៖ រិន ចំរើន