ភ្នំពេញ ៖ កងកម្លាំងអន្តរាគមន៍កម្ពុជា និងថៃ បានរួមសហការគ្នាជួយសង្គ្រោះមនុស្សជាប់គាំងក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូហ្គ្រេនដាយមិនសិតធី និង កាស៊ីណូប៉ោយប៉ែតសិតធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ។
ក្រោយចុះអន្តរាគមន៍រវាងកងកម្លាំងនៃប្រទេសទាំង២ បានជួយជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍បានផងដែរ ។ នេះបើតាមហ្វេសប៊ុកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោកបន្តថា «កម្លាំងអន្តរាគមន៍កម្ពុជា និងថៃ កំពុងដុតដៃដុតជើងធ្វើការសង្គ្រោះមនុស្សដែលជាប់គាំង ក្នុងអគារបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍ ។ចំពោះអ្នករបួស ស្លាប់ និងទំហំនៃការខូចខាត នៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ»។
សូមរំលឹកថា ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូជាលក្ខណៈទ្រង់ទ្រាយធំនេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងអន្ដរាគមន៍ដោយផ្ទាល់ នៅទីតាំងផ្ទាល់។
គួរឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានអគ្គិភ័យមួយបានឆាបឆេះឡើងនៅក្នុងកាស៊ីណូហ្រ្គេនដាយមិនសិតធី និង កាស៊ីណូប៉ោយប៉ែតសិតធី ដោយមានបុគ្គលិកប្រុសស្រីជាង៤០០នាក់នៅក្នុងនោះ។ ក្នុងហេតុការណ៍នេះមានមនុស្សស្លាប់ជាង១០នាក់ ដោយពុំដឹងថា ជាជនជាតិអ្វីខ្លះនោះទេ ខណៈ របួសធ្ងន់ស្រាលប្រហែល៣០នាក់ និងខូចខាតអគារទាំងស្រុង។
ប្រតិបត្តិការនេះដែរ ក៏មានកម្លាំងចុះអន្តរាគមន៍ចំនួន ៣៦៥ នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕
ដោយ៖ រិន ចំរើន