ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់ភាគីពាក់ព័ន្ធ ជួយអភិវឌ្ឍកីឡាទោចក្រយានឲ្យរីកចម្រើន ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

សៀមរាប៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកទឹកចិត្ត និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីឲ្យភាគីពាក់ព័ន្ធជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យកីឡាទោចក្រយាននៅកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងទទួលបានលទ្ធផលល្អប្រសើរ។

ការលើកទឹកចិត្ត និង ផ្តល់អនុសាសន៍ជំរុញនេះ ខណៈ លោកអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ចំណុចសំខាន់ៗក្នុងអនុសាសន៍នោះ មានដូចជា៖ ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ឲ្យបានកាន់តែទូលំទូលាយមានធនធានមនុស្ស និងសម្ភារហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ និងត្រូវជំរុញបង្កើនការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងថ្នាក់ជាតិឲ្យបានច្រើន ព្រោះកីឡាទោចក្រយានទាំង២ប្រភេទនេះត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិ CAMSOC បានដាក់បញ្ជូលក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីលើនេះ លោកប្រធានសហព័ន្ធ បានស្នើឲ្យពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត គ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ត្រូវជំរុញឲ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឲ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស។ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។ សូមមេត្តាចងចាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានពោលថា «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ»។

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះទទួលបានជោគជ័យ។ ជាការពិតណាស់ការប្រកួតនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបញ្ចេញនូវទេពកោសល្យ ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនី ម្នាក់ៗបានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំមានការយកចិត្តទុកដាក់ តស៊ូព្យាយាម គោរពវិន័យបានល្អ និងគោរពបានតាមបទបញ្ជាបច្ចេកទេសផងដែរ។

ប្រធានសហព័ន្ធ បានកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតនេះប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយក ឈ្នះ-ចាញ់ ពោលគឺឈរលើស្មារតីកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស។
សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២នេះ មាន៧វិញ្ញាសា គឺវិញ្ញាសាកង់គួក ៣វិញ្ញាសា និងកង់ភ្នំ ៤វិញ្ញាសា បន្ទាប់ដំណើរការពេញ១ថ្ងៃ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញសាទាំង៧នេះ ជាមួយនឹងគុណភាពសមិទ្ធផលកើនឡើងគួរឲ្យគត់សម្គាល់៕ ដោយ៖ គង់ សេដ្ឋាមុនី