រដ្ឋមន្រ្តីមហាផ្ទៃ ៖ បើខ្លួនធ្វើប៉ូលីស បែរជាជក់គ្រឿង ញៀន គឺបង្កហានិភ័យធំណាស់

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានលើកឡើង បើខ្លួនធ្វើប៉ូលីស ហើយបែរជានាំគ្នាជក់គ្រឿងញៀន គឺពិតជាបង្កហានិភ័យធំណាស់ដល់សង្គមជាតិ ព្រោះខ្លួនមានតួនាទីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យប្រជាពលរដ្ឋ។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានមានប្រសាសន៍ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគរបាលបានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេស អង្គភាពបានបណ្តុះបណ្តាល។

សម្ដេចគូសបញ្ជាក់ថា «បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្កនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគរបាល គឺដើម្បីថែមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន»។

ទន្ទឹមនេះដែរ សម្តេចបន្ថែមថា ក្រសួងកំពុងធ្វើទាក់ទងជ្រើសរើសកំលាំងនគរបាលនៅតាមប៉ុស្តិ៍ឲ្យមានកំលាំងគ្រប់គ្រាន់ដោយបានរៀនសូត្រដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕ ដោយ៖​ រិន ចំរើន