ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឱ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឱ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ ផងដែរ។ រូបភាពនេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។
ភិនភាគ៖ ឆ្កែចចកមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរ ប៉ុន្តែតូចជាងឆ្កែព្រៃ ហើយលក្ខណៈពណ៌មានលាយឡំជាមួយប្រផេះ និងត្នោត។ ចុងកន្ទុយមានលក្ខណៈសំពោងភ្ជាប់ជាមួយរោមពណ៌ក្រម៉ៅ។ វាមានកន្ទុយត្រង់មិនខ្វៀនដូនកន្ទុយឆ្កែស្រុកទេ។
ជីវសាស្ត្រ៖ វាចូលចិត្តរស់នៅព្រៃរបោះ វាលស្មៅ និងព្រៃពាក់កណ្តាលស្រោង។ ជាទូទៅសត្វឈ្មោលមានតួនាទីជាអ្នកមើលថែរក្សាកូនតូចៗច្រើនជាងសត្វញី។ វាភាគច្រើនរកស៊ីនៅពេលយប់ ពួកវាតែងតែបញ្ចេញសំឡេងលូនៅពេលយប់ងងឹត និងនៅពេលព្រឹកព្រលឹមស្រាងៗ ហើយគេបានប្រទះផងដែរពីវត្តមានសត្វនេះនៅពេលថ្ងៃ។ ជាទូទៅវាតែងតែដើរតែឯកឯង ពេលខ្លះជាក្រុមតូច ឬជាគូជាមួយនឹងកូនផងដែរ។ ចំណីអាហាររបស់ឆ្កែចចកមានដូចជា៖ រុក្ខជាតិ ពពួកឈ្លូស ប្រើស រមាំង សត្វស្លាប ល្មូន ពពួកជលថនិកសត្វ ព្រមទាំងសាកសពសត្វស្អុយរលួយ និងចំណីដែលសន្សល់ទុកពីសត្វដទៃ។ វាបង្កាត់ពួជជារៀងរាល់ឆ្នាំ ជាទូទៅមានកូនពី ៤-៥ក្បាល បន្ទាប់ពីពពោះរយៈពេលពីរខែ។ ឈ្មោល និងញីមានភារៈកិច្ចស្វែងរកចំណីឱ្យកូន។ សត្វប្រភេទនេះ អាចមានជីវិតរស់នៅរហូតដល់អាយុ ១៦ឆ្នាំ។
របាយរស់នៅ៖ ឆ្កែចចកាមានវត្តមាននៅភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ គេរកឃើញផងដែរនៅអាហ្វ្រិកខាងកើត និងខាងជើង ប្រទេសប៉ាគីស្ថាន ប្រទេសឥណ្ឌា ភាគខាងត្បូងអឺរ៉ុប ប្រទេសភូមាភាគខាងជើង និងភាគខាងលិចនៃប្រទេសថៃ។
ស្ថានភាពអភិរក្ស៖ ឆ្កែចចកស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច។ ឆ្កែចចកកំពុងរងគ្រោះដោយសារការ ទាក់ចាប់ និងបាត់បង់ជម្រកដែលធ្លាប់តែរកចំណី និងរស់នៅ៕
រូបភាពអង្គការ WCS